ម៉ោងប្រាំមួយល្ងាច
មានរូប មានទុក
មានរូបក្នុងហ្វេសប៊ុក ក៏មានគេដោនឡូទុក អូ៎! ច្រលំ! មានរូបមានទុក្ខ
មានរូបមិនទៀងទាត់ មានរូបមិនមែនជារបស់ខ្លួន (នាមរូបំ ទុក្ខំ នាមរូបំ អនិច្ចំ
នាមរូបំ អនត្តា) មែន! កើតមកមិនទាន់ដឹងស្អីផង ស្ពាយទុក្ខមកជាមួយរួចទៅហើយ…មើលចុះ កើតមករឿងដែលត្រូវធ្វើមុនគេនោះគឺ
“យំ!” បើមិនយំក៏គេវាយឲ្យយំ នេះហើយដែលជាទុក្ខព្រោះមានរូប។ មួយវិញទៀត
កើតមកខ្លះមិនទាន់បានចេញផុតពីពោះម៉ែផង ស្រាប់តែស្លាប់បាត់ឬ កើតមកហើយខ្វះនេះខ្វះនោះ
មិនគ្រប់សម្បទា នេះហើយដែលមិនទៀងទាត់ព្រោះមានរូប។ ចុងក្រោយ កើតមករបស់ដែលយើងមានក្ដី
គ្មានក្ដី បានទទួលដោយញាណក្ដី មិនបានទទួលដោយញាណក្ដី ប្រឌិតក្ដី មិនប្រឌិតក្ដី
ចង់បានក្ដី មិនចង់បានក្ដី សុទ្ធតែមិនមែនជារបស់យើង ដៃអើយកុំឈឺ…ទេ!
ឈឺមិនឈឺមិនមែនម្ចាស់ខ្លួនជាអ្នកសម្រេចទេ អ្នកមិនមែនជាម្ចាស់ពិតប្រាកដទេ អ្នកមិនអាចចង់ឈឺក៏ឈឺ មិនចង់ឈឺក៏បាន ធ្មេញបាក់សក់ស្កូវ ឃាត់ម៉េចនឹងជាប់
បើមិនមែនជារបស់ខ្លួនយើងផង។…
ហ៊ឺ! បើនិយាយទៅនៅមានច្រើនទៀត
តែណ្ហើយ! និយាយតែត្រឹមនេះចុះ។ ជិះកង់បណ្ដើរ
បណ្ដែតអារម្មណ៍បណ្ដើរគឺជាទម្លាប់របស់ខ្ញុំហើយ។ ម៉ោងប្រាំមួយល្ងាច! ម៉ោងប្រាំមួយល្ងាចជា
ធម្មតាខ្ញុំមកដល់ទឹកដីភូមិខ្ញុំហើយ គឺភូមិបាក់ខែង។ ទេ! មិនទាន់ដល់ទេ
នៅភូមិខ្ទរនៅឡើយព្រោះ ភូមិបាក់ខែងចាប់រាប់ពីស្ពានទី៤ទៅ។ អញ្ចឹងត្រូវហើយ
ខ្ញុំទើបតែដល់រោងចក្រ ជូ ស៊ីង នៅស្ពានទី៣ អញ្ចឹងខ្ញុំទើបតែមកដល់ភូមិខ្ទរទេ។ ស្មើណេះ
គួរឲ្យរីករាយក៏គួរឲ្យធុញទ្រាន់។ គួរឲ្យរីករាយព្រោះជិតដល់ផ្ទះ គួរឲ្យធុញទ្រាន់ព្រោះឲ្យតែស្មើណេះ ដឹងតែភ្លៀង បើមិនភ្លៀងក៏រលឹម អូយ៎!
គួរឲ្យធុញណាស់!…
…”អូយ៎!”
ជាសម្លេងដែលខ្ញុំឮក្នុងកំឡុងពេលអារម្មណ៍របស់ខ្ញុំនៅរវើរវាយ។
ខ្ញុំស្មានតែជាសម្លេងខ្ញុំដែលស្រែកឡើង តែខ្ញុំម៉េចស្រែកតែមួយម៉ាត់អញ្ចឹង… តែ…
“អូយ៎! ជួយខ្ញុំផង!” សម្លេងដដែលបានបន្លឺឡើង។ ជាសម្លេងរបស់មនុស្សស្រី
ប្រហែលជាក្នុងវ័យ មិនចាស់ប៉ុន្មានទេ (នេះជាការស្មានរបស់ខ្ញុំ)។ មែន!
ពេលខ្ញុំក្រឡេកភ្នែកគឺជារូបស្រ្ដីម្នាក់ ពោះធំ សម្បុរខ្មៅ សម្លៀកបំពាក់មិនសមសួន
ចាស់ គគ្រិច បំណះដុំៗ តាមទំនង ប្រហែលជាអ្នកសុំទាន។ ហ៊ឺ! គួរឲ្យអាណិតដែរ
ក្រហើយឈឺទៀត ឈឺពោះកើតកូន
ចំជាអាសន្នធំមែន ហើយកូននេះបើដឹងថាម៉ែក្រហើយ ខំចាប់បដិសន្ធិមកធ្វើអី? ម៉េចមិនរកអ្នកមានយ៉ាប់មែន! ខ្ញុំបានឈប់កង់មើលស្រ្ដីម្នាក់នោះដូចកម្មករ
កម្មការិនីរោងចក្រដទៃទៀត។ ម្នាក់ៗបញ្ចេញយោបល់រៀងៗខ្លួន
តែភាគច្រើនប្រហាក់ប្រហែលគ្នាថា ស្ដ្រីនេះជិតកើតកូន។ ខ្ញុំក៏ស្មានអញ្ចឹងដែរ
ថ្វីបើខ្ញុំមិនដែលកើតកូន។ ពូម្នាក់បញ្ចេញយោបល់ “ដឹកទៅពេទ្យទៅ! អញ្ចឹងកើតអត់ចេញស្លាប់ឥឡូវហើយ!”។
ម្នាក់ៗសម្លឹងគាត់គ្រប់គ្នា បងស្រីម្នាក់បន្លឺ “គាត់ក្រអញ្ចឹង ពេទ្យណាទទួលគាត់?”។
ពូនោះទះក្បាលគាត់ រួចនិយាយ “អើមែន! ពេទ្យឥឡូវណាមិនយកលុយ អញ្ចឹងយើងរៃលុយគ្នាជូនគាត់ទៅពេទ្យទៅ!”។
ពូនេះប៉ិនបញ្ចេញគំនិតមែន ហើយគំនិតទីពីររបស់គាត់នេះ ពិតជាត្រូវ។
គ្រប់គ្នាបរិច្ចាគថវិកាតាមសទ្ធារៀងៗខ្លួន ក្នុងនោះក៏មានខ្ញុំម្នាក់ដែរ។ ខ្ញុំបានបរិច្ចាគ៥០០០៛ ចាត់ទុកថាជួយអ្នកក្រដូចគ្នាទៅចុះ។ លុះបានប្រាក់មួយចំនួន
គេក៏រៀបចំលើស្រ្ដីនោះដាក់លើម៉ូតូកង់បីជូនទៅពេទ្យ។ ខ្ញុំក៏ចេញដំណើរមកផ្ទះវិញ
ទាំងចិត្តរីករាយ ថ្វីបើអស់លុយសម្រាប់ចាយវាយក្នុងសប្ដាហ៍នេះ។…
…ថ្ងៃបន្ទាប់
សកម្មភាពខ្ញុំដូចតែធម្មតា គឺជិះកង់បណ្ដើរ បណ្ដែតអារម្មណ៍បណ្ដើរ។
លុះមកដល់កន្លែងម្សិលមិញ ខ្ញុំក៏ងាកមើលបន្ដិច ក្នុងបំណងចង់រំឭកពីទង្វើល្អដែលខ្លួនបានធ្វើម្សិលមិញ។
ជិះបានបន្ដិច ខ្ញុំក៏បានឮបងស្រីពីរនាក់និយាយគ្នាថា៖
-
នែ៎!
យាយប៉ិពោះធំម្សិលមិញហ្នឹង មានឈឺពោះកើតកូនឯណា! គាត់ហ្នឹងបោកហ្នឹង!
-
អូអញ្ចឹង!
ងាប់អញខំតែចូលលុយ! រួចចុះម៉េចក៏ហ្អែងដឹង?
-
អញឮពូម៉ូតូកង់បីនិយាយ!
គាត់ថា ម្សិលមិញហ្នឹង ពេលគាត់ដឹកយាយប៉ិហ្នឹងទៅជិតដល់ពេទ្យ
ស្រាប់តែយាយប៉ិហ្នឹងហៅឲ្យគាត់ឈប់ តែគាត់អត់ឈប់ ព្រោះគាត់គិតថា
កើតកូនបើមិនទៅដល់ពេទ្យម៉េចកើតបាន។ ដល់ពេលទៅដល់ពេទ្យ
គាត់ដាក់យាយប៉ិហ្នឹងហើយក៏ចេញមកដឹកគេវិញ ព្រោះគេហៅគាត់
ស្រាប់តែគាត់ឃើញយាយប៉ិហ្នឹងដើរចេញមកវិញធ្វើហី!
-
ងាប់អ្នកខ្លះមានលុយតិចផង
ខំតែជួយ!
-
អើ! មិនគួរប្រើល្បិចហ្នឹងសោះ!
-
មែន!
ពេលខ្ញុំឮការសន្ទនាគាត់នេះ ខ្ញុំភ្ញាក់ព្រើតដូចជះទឹកមួយធុងចំមុខ។ យី! ចេះរកនឹកឃើញ!
បោកបានទាំងអ្នកនិពន្ធមួយដែរ ធ្លាប់តែអ្នកនិពន្ធបោកអ្នកអានដឹងអី
អ្នក សុំ ទាន បោក បាន អ្នក និពន្ធវិញ! ហួសចិត្ត! ខ្ញុំចេញពីនោះមកទាំងសើចនឹងខ្លួនឯង។ យី!
ម៉ោងប្រាំមួយ! ម៉ោងប្រាំមួយម្សិលមិញអស្ចារ្យតែម៉ង!
គិតថាលែងមកឲ្យចំម៉ោងប្រាំមួយហើយ!
ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៣
ប៉ាកកា ជើងមេឃ
សូមមេត្តាចូលអានក្នុងប្លុកវឺតប្រេសជំនួសវិញ ព្រោះពុម្ពអក្សរមិនគាំទ្រ៖ http://khmerwriting.wordpress.comសូមអរគុណ យ៉ាងជ្រាលជ្រៅចំពោះការតាមដាន!
No comments:
Post a Comment