Friday, March 29, 2013



ចំប៉ាបន្ទាយដែក
...ដេកដើរស្រមៃ អើយ យប់ថ្ងៃ អើយចៃដន្យ...
            ស្នូរបទចម្រៀង "ចំប៉ាបន្ទាយដែក  "សោតអណ្ដែតយ៉ាងស្រទន់លន្លង់លនោច រួច​ក៏​មក​ថ្នម​សោតិន្រ្ទីយារម្មណ៍​ខ្ញុំ​ឲ្យ​នឹក​ឃើញកាលមួយ។ កាលមួយគឺកាលនោះនៅបន្ទាយដែក...
            ...ក្នុងរង្វង់ប៉ុន្នានថ្ងៃ សែនឆេងម៉េង...
            ហ៊ឺ! កុងម៉ាអើយ ហត់ណាស់! ឆ្នាំណាក៏ខ្ញុំជាអ្នកឆ្ការព្រៃ សំអាតផ្នូរ ពូនផ្នូរ និងប្រក់ផ្នូរដែរ។ ទាំងប៉ិ ទាំង​អឹម​ទាំង​ចឹក​ ទាំងស៊ីម ទាំងកូវ ទាំងទ្រា សុទ្ធតែដើរខ្សែលើខ្ញុំ អាងតែខ្ញុំក្មេង។ ហេ៎ ហេ៎...! ពួក​គាត់​សុខចិត្ត​រៃ​លុយ​គ្នា​ម្នាក់​បន្តិច​ៗ​ឲ្យ​ខ្ញុំ​ធ្វើ​ម្ហូបមកសែនមុន ហើយថែមទាំងផ្ដាំឲ្យខ្ញុំពូនផ្នូរ និង​ប្រក់​ផ្នូរ​ផង។ យី! ឆ្លាតហួសលេខ!គាត់​ផ្ដាំ​ឲ្យពូន និងប្រក់ផ្នូរ តែ​បើ​ផ្នូរ​ឲ្យ​សុទ្ធតែព្រៃ បើ​មិន​សំអាត​ធ្វើ​ម៉េច​កើត! ហេ៎ ហេ៎...! ឆ្លាតអីឆ្លាតយ៉ាងនេះ! កុង​ម៉ា​ចាំ​មើល ស្អែកបើគាត់មិនមកសែន ខ្ញុំ​ហ៊ាន​ភ្នាល់! ហេ៎ ហេ៎! គិតៗទៅហ្ន៎ ដឹងអង្កាលបានខ្ញុំមានគ្នាមកជួយ...”។ ស្រាប់តែ​មាន​សម្លេង​ស្រួយស្រេះ​មួយ​បន្លឺ​ឡើង​ក្រោយ​ខ្នងខ្ញុំ៖ "រអ៊ូអីរអ៊ូម៉េះ!កុងម៉ាខ្លួនឯងសោះ! ធ្វើ​ៗ​ទៅ​យើង​ជា​ចៅ​សំណព្វ ចៅ​សំណាងទៅហើយ!”។ ខ្ញុំ​ក៏​ងាក​មក​រួច​ឧទាន​តប៖ " អូ៎!ចំប៉ាទេ! គេថាចៅសំណព្វ ជា​ចៅ​សំណាង​ទៅ​ហើយ តែខ្ញុំគិតទៅចៅសំណព្វដូចជាហត់ជាងសំណាង!”។ ចំប៉ា​ក៏​ញញឹម​តប​រួច​និយាយ​បង្វែរ​ប្រធានបទ​៖ " គិតទៅចិនមានប្រពៃណីទំនៀមទម្លាប់ច្រើនណាស់ហ្ន៎!”"ខ្ញុំ​ថា​ខ្មែរ​ក៏​មាន​មិន​តិចដែរមិនអញ្ចឹង?” រួច​ខ្ញុំបន្ត៖ "បើកូនកាត់ចិនខ្មែរដូចខ្ញុំវិញ រឹតតែច្រើន ទាំងខ្មែរ ទាំង​ចិន​ធ្វើ​ទាំងអស់!” ចំប៉ា​សើច​បន្តិច​ក៏​តបវិញ៖ "ចុះ​ធ្វើទាំងអស់ទៅ វាមានតែស្អី !”។ ខ្ញុំក៏ចាក់បណ្តោយ៖ "វា​មាន​តែស្អី វាអត់មានស្អីតែម្ដងហ្នឹង បើ​បុណ្យ​ច្រើន​អី​ច្រើន!”។ ចំប៉ាហយសចិត្ត នាងសើច បញ្ចេញ​ធ្មេញសល្អិតត្រង់ជួរតែហាក់អៀនបន្តិច រួច​នាង​លូក​ដៃ​យក​ក្រដាស​ប្រក់​ផ្នូរ​ពី​ក្នុង​កន្រ្តក​អីវ៉ាន់​ខ្ញុំ ទាំងបន្លឺ៖ "បងឯងសំអាតទៅចាំខ្ញុំជួយប្រក់!”"អរគុណហើយអញ្ចឹង!” ខ្ញុំ​ក៏​រលាស់​សំណួរ​បន្ត​៖ "ថ្ងៃ​នេះ​ចំប៉ាអត់ទៅណាទៅណីទេហ្អ៎?”"ខ្ញុំមានទៅនា បើខ្ញុំអត់ត្រូវសែនផង តែ​សាលា​លោកគ្រូ​នាំគ្នាទៅសែនអស់ហើយ! ហើយ​ចុះសាលាបងឯង?” “អូរ! គេ​នាំ​គ្នា​បិទ​សាលា​ទៅ​សែន​អស់​ដែរហើយ!” ខ្ញុំ​តប​វិញ។ ស្ងាត់បន្តិចនាងក៏និយាយបន្ត៖ "បង​ពូកែ​ជិះ​ម៉ូតូ​​ដល់​ហើយ​ជិះ​ម៉ូតូ​តាំង​ពី​ភ្នំពេញមកដល់ហ្នឹង សំអាត​ផ្នូរ​សែនព្រេនអីរួចល្ងាចទៅវិញ?” "ខ្ញុំ​ខ្ជិល​ដែរ​ហ្នឹង​ណា!” ខ្ញុំតប៖ "តែ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច វា​ជា​កាតព្វកិច្ច​ទៅ​ហើយ បើផ្ទះខ្ញុំ​នៅជិត​នេះប្រហែលជាស្រួល​បាត់!” នាង​សើច។ ពេល​ខ្ញុំសំអាតផ្នូរហើយ នាងក៏ប្រក់ផ្នូរហើយដែរ រួច​នាង​ក៏ទៅរើ​អីវ៉ាន់សែនព្រមទាំង​ឧទាន៖ "បងទៅដងទឹកផ្ទះខ្ញុំទៅ ចាំ​ខ្ញុំ​រៀប​សែន​ឲ្យ !”"ហ្អាក! ចំប៉ា​ចេះ​សែន​ដែរ?” ខ្ញុំបន្លឺទាំងឆ្ងល់។ "ចុះបងឯងមកសែនក្បែរផ្ទះខ្ញុំរាល់តែឆ្នាំ រឿងអីខ្ញុំ​មិនចេះ​សែន! ទៅ បង​ឯង​ទៅដង​ទឹក​ម៉ោរ! ហើយបងឯងចាំតែអុជធូបទៅបានហើយ! “ នាងតប។ ពេល​រៀប​សែន​ព្រេន​រួច​ខ្ញុំ​ក៏​បាន​ចូលរួម​ក្នុងអាហារថ្ងៃត្រង់របស់នាង ទើបខ្ញុំដឹងថាពុកម៉ែនាងឲ្យនាងមកជួយខ្ញុំ ព្រោះគាត់ដឹងថាឲ្យតែពេលខ្ញុំសែន ដឹង​តែ​ខ្ញុំ​នៅ​ញិញញ៉ុមៗ។ ចំ!មែនខ្ញុំ!...
...ដកអារម្មណ៍ពីការគិតមក ខ្ញុំក៍ឧទានក្នុងចិត្ត៖ "ពេលេវេលាកាលនោះដូចខ្លីដល់ហើយបាយថ្ងៃត្រង់រួចបានបន្តិច សាយន្ត​ទន់ទាប ល្ងាចមកដល់ខ្ញុំត្រូវត្រឡប់មកវិញ ។ ត្រូវមែន!ដូចបទចម្រៀងត្រង់ឃ្លា"...ស្ដាយគ្រាសាយន្ត នៅបន្ទាយដែក...” ហ៊ើយ! ពេលនោះខ្ញុំលើកដៃលាចំប៉ាទាំងអល់ឯក!កុងម៉ាអើយដឹងអង្កាលខ្ញុំបានទៅជួបចំប៉ាទៀត...! អេ៎! តែ​ថ្ងៃ​នេះ​ចុង​ខែ​មីនា​ទៅហើយ! យី!ឆ្នាំនេះចំប៉ាត្រូវប្រឡងបាក់ឌុបផង! អើ...! នាងប្រឡងឆមាសទី១ ចប់ទៅហើយ...!ឆ្នាំ​នេះ​ខ្ញុំ​ត្រូវ​តែ​ទៅឆេងម៉េង យ៉ាងហោចណាស់ ក៏បានជួបមុខនាង ហើយជួយលើកទឹកចិត្តនាងបន្តិចដែរ... ព្រោះ​ខ្ញុំ​មាន​បទ​ពិសោធន៍​ប្រឡង​មុននាង១ឆ្នាំដែរ! ហេ៎ ហេ៎...! ទោះបីជារឿងខ្ញុំមិនដូចបទចម្រៀងចំប៉ាបន្ទាយដែកទាំងស្រុង តែនាងនៅតែជាចំប៉ា នាដែនបន្ទាយដែកដែរ !”
ចប់ដោយសន្មត់
ភ្នំពេញ .Le. 09/12/12

សែនពេជ្ញ ប៉ាកកា

No comments:

Post a Comment