ចន្ទ - បទកាកគតិ
- ចន្ទអើយចន្ទខ្ពស់ ចន្ទនៅឆ្ងាយហួស នៅឯវេហា
ចោលតែពន្លឺ បំភ្លឺលោកា តែឥតវាចា
ហាក់គ្មាននិស្ស័យ ។
- ហាក់ដូចមានភ័ព្វ តែកម្មតាមជាប់ ពង្រាត់សេចក្ដី
ចន្ទចរផុតទៅ នៅសល់អាល័យ ចន្ទអើយចន្ទថ្លៃ
ម្ដេចមិនមេត្តា ។
- ចន្ទអើយចន្ទជាក់ បានគន់តែភក្ដ្រ តែឥតវាសនា
គន់ហើយគន់ទៀត ចង្អៀតចិន្ដា ឱ! ដួងចន្ទថ្លា
ឆក់យកហឫទ័យ ។
- ឱ! ដួងចន្ទអើយ ម្ដេចចន្ទព្រងើយ កន្ដើយកវី
បើមិនមេត្តា គួរកុំអភ័យ ឱ! ចិត្តចន្ទថ្លៃ
តើគិតយ៉ាងណា ?
- ឱ! ចន្ទអើយចន្ទ គួរកុំប្រកាន់ បើមានទោសា
ធ្វើម្ដេចកវី សែនខ្លីវាសនា គន់ដួងចន្ទថ្លា
ចិត្តចង់បេតី ។
- ឥឡូវចរផុត រង្សីរលត់ អួលណែនកវី
យប់យន់ស្ងាត់សូន្យ សល់តែរីងរៃ សែននឹកអាល័យ
រស្មីចន្ទថ្លា ។
ជ្រោយអំពិល ថ្ងៃច័ន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០១៥
កូយ សុខលាង
No comments:
Post a Comment