Tuesday, July 9, 2013

ម៉ោងប្រាំមួយល្ងាច
មានរូប មានទុក មានរូបក្នុងហ្វេសប៊ុក ក៏មានគេដោនឡូទុក អូ៎! ច្រលំ! មានរូបមានទុក្ខ មានរូប​មិន​ទៀង​ទាត់ មានរូបមិនមែនជារបស់ខ្លួន (នាមរូបំ ទុក្ខំ នាមរូបំ អនិច្ចំ នាមរូបំ អនត្តា) មែន! កើត​មក​មិន​ទាន់ដឹងស្អីផង ស្ពាយទុក្ខមកជាមួយរួចទៅហើយ…មើល​ចុះ កើត​មក​រឿង​ដែល​ត្រូវ​ធ្វើ​មុន​គេ​នោះ​គឺ “យំ!” បើមិនយំក៏គេវាយឲ្យយំ នេះហើយដែលជាទុក្ខព្រោះមានរូប។ មួយវិញទៀត កើត​មក​ខ្លះ​មិន​ទាន់​បានចេញផុតពីពោះម៉ែផង ស្រាប់តែស្លាប់បាត់ឬ កើតមកហើយខ្វះនេះខ្វះនោះ មិនគ្រប់​សម្បទា​ នេះហើយដែលមិនទៀងទាត់ព្រោះមានរូប។ ចុងក្រោយ កើតមក​របស់ដែលយើងមានក្ដី គ្មាន​​ក្ដី បាន​ទទួលដោយញាណក្ដី មិនបានទទួលដោយញាណក្ដី ប្រឌិតក្ដី មិនប្រឌិតក្ដី ចង់បានក្ដី មិនចង់បានក្ដី សុទ្ធតែមិនមែនជារបស់យើង ដៃអើយកុំឈឺ…ទេ! ឈឺ​មិន​ឈឺ​មិន​មែន​ម្ចាស់​ខ្លួន​ជា​អ្នក​សម្រេច​ទេ អ្នកមិនមែនជាម្ចាស់ពិតប្រាកដទេ អ្នកមិនអាចចង់ឈឺក៏ឈឺ មិនចង់ឈឺក៏បាន ធ្មេញ​បាក់​​សក់​ស្កូវ ឃាត់ម៉េចនឹងជាប់ បើមិនមែនជារបស់ខ្លួនយើងផង។…
ហ៊ឺ!​ បើនិយាយទៅ​នៅមានច្រើនទៀត តែណ្ហើយ! និយាយតែត្រឹមនេះចុះ។ ជិះកង់បណ្ដើរ បណ្ដែត​អារម្មណ៍​​បណ្ដើរគឺជាទម្លាប់របស់ខ្ញុំហើយ។ ម៉ោងប្រាំមួយល្ងាច! ម៉ោង​ប្រាំមួយ​ល្ងាច​ជា ធម្មតាខ្ញុំ​មក​ដល់​ទឹកដីភូមិខ្ញុំហើយ គឺភូមិបាក់​ខែង​។ ទេ! មិនទាន់ដល់ទេ នៅភូមិខ្ទរនៅឡើយព្រោះ ភូមិ​បាក់​ខែង​​ចាប់​រាប់ពីស្ពានទី៤ទៅ។ អញ្ចឹងត្រូវហើយ ខ្ញុំទើបតែដល់រោងចក្រ ជូ ស៊ីង នៅស្ពានទី៣ អញ្ចឹង​ខ្ញុំ​ទើបតែមកដល់ភូមិខ្ទរទេ។ ស្មើណេះ គួរឲ្យរីករាយក៏គួរឲ្យធុញទ្រាន់។ គួរ​ឲ្យ​រីករាយ​ព្រោះ​ជិត​ដល់​ផ្ទះ​ គួរឲ្យធុញទ្រាន់ព្រោះឲ្យតែស្មើណេះ ដឹងតែភ្លៀង បើមិនភ្លៀងក៏រលឹម អូយ៎! គួរឲ្យធុញណាស់!…
…”អូយ៎!” ជាសម្លេងដែលខ្ញុំឮក្នុងកំឡុងពេលអារម្មណ៍របស់ខ្ញុំនៅរវើរវាយ។ ខ្ញុំ​ស្មានតែជាសម្លេងខ្ញុំ​ដែល​ស្រែក​ឡើង តែខ្ញុំម៉េចស្រែកតែមួយម៉ាត់អញ្ចឹង… តែ… “អូយ៎! ជួយខ្ញុំផង!” សម្លេង​ដដែល​បាន​បន្លឺ​ឡើង។​ ជាសម្លេងរបស់មនុស្សស្រី ប្រហែលជាក្នុងវ័យ មិនចាស់ប៉ុន្មានទេ (នេះ​ជា​ការ​ស្មាន​របស់​ខ្ញុំ)។ មែន! ពេលខ្ញុំ​ក្រឡេកភ្នែកគឺជារូបស្រ្ដីម្នាក់ ពោះធំ សម្បុរខ្មៅ សម្លៀកបំពាក់មិនសមសួន ចាស់​ គគ្រិច បំណះដុំៗ តាមទំនង ប្រហែលជាអ្នកសុំទាន។ ហ៊ឺ! គួរឲ្យ​អាណិត​ដែរ ក្រ​ហើយ​ឈឺ​ទៀត​ ឈឺពោះកើតកូន ចំជាអាសន្នធំមែន ហើយកូននេះបើដឹងថាម៉ែក្រហើយ ខំ​ចាប់​បដិសន្ធិ​មក​ធ្វើ​​អី? ម៉េចមិនរកអ្នកមានយ៉ាប់មែន! ខ្ញុំបានឈប់កង់មើលស្រ្ដីម្នាក់នោះដូចកម្មករ កម្មការិនី​រោងចក្រ​​ដទៃ​ទៀត។ ម្នាក់ៗបញ្ចេញយោបល់រៀងៗខ្លួន តែភាគច្រើនប្រហាក់ប្រហែលគ្នាថា ស្ដ្រី​នេះ​ជិតកើតកូន។ ខ្ញុំក៏ស្មានអញ្ចឹងដែរ ថ្វីបើខ្ញុំមិនដែកើតកូន។ ពូម្នាក់បញ្ចេញយោបល់ “ដឹក​ទៅ​ពេទ្យ​ទៅ! អញ្ចឹងកើតអត់ចេញស្លាប់ឥឡូវហើយ!”។ ម្នាក់ៗសម្លឹងគាត់គ្រប់គ្នា បងស្រីម្នាក់បន្លឺ “គាត់​ក្រ​អញ្ចឹង ពេទ្យណាទទួលគាត់?”។ ពូនោះទះក្បាលគាត់ រួចនិយាយ “អើមែន! ពេទ្យ​ឥឡូវ​ណា​មិន​យក​លុយ អញ្ចឹងយើងរៃលុយគ្នាជូនគាត់ទៅពេទ្យទៅ!”។ ពូនេះប៉ិនបញ្ចេញគំនិតមែន ហើយ​គំនិត​ទីពីរ​របស់គាត់នេះ ពិតជាត្រូវ។ គ្រប់គ្នាបរិច្ចាគថវិកាតាមសទ្ធារៀងៗខ្លួន ក្នុង​នោះ​ក៏​មាន​ខ្ញុំ​ម្នាក់​ដែរ​។ ខ្ញុំបានបរិច្ចាគ៥០០០៛ ចាត់ទុកថាជួយអ្នកក្រដូចគ្នាទៅចុះ។ លុះបានប្រាក់មួយចំនួន គេ​ក៏​រៀប​ចំ​លើ​ស្រ្ដីនោះដាក់លើម៉ូតូកង់បីជូនទៅពេទ្យ។ ខ្ញុំក៏ចេញដំណើរមកផ្ទះវិញ ទាំងចិត្តរីករាយ ថ្វី​បើ​អស់​លុយ​សម្រាប់ចាយវាយក្នុងសប្ដាហ៍នេះ។…
…ថ្ងៃបន្ទាប់ សកម្មភាពខ្ញុំដូចតែធម្មតា គឺជិះកង់បណ្ដើរ បណ្ដែតអារម្មណ៍បណ្ដើរ។ លុះ​មក​ដល់​កន្លែង​ម្សិលមិញ ខ្ញុំក៏ងាកមើលបន្ដិច ក្នុងបំណងចង់រំឭកពីទង្វើល្អដែលខ្លួនបានធ្វើម្សិលមិញ។ ជិះ​បាន​បន្ដិច ខ្ញុំក៏បានឮបងស្រីពីរនាក់និយាយគ្នាថា៖
-        នែ៎! យាយប៉ិពោះធំម្សិលមិញហ្នឹង មានឈឺពោះកើតកូនឯណា! គាត់ហ្នឹងបោកហ្នឹង!
-        អូអញ្ចឹង! ងាប់អញខំតែចូលលុយ! រួចចុះម៉េចក៏ហ្អែងដឹង?
-        អញឮពូម៉ូតូកង់បីនិយាយ! គាត់ថា ម្សិលមិញហ្នឹង ពេលគាត់ដឹកយាយប៉ិហ្នឹងទៅជិតដល់ពេទ្យ ស្រាប់តែយាយប៉ិ​ហ្នឹងហៅឲ្យគាត់ឈប់ តែគាត់អត់ឈប់ ព្រោះគាត់គិតថា កើតកូនបើមិនទៅដល់ពេទ្យម៉េចកើតបាន។ ដល់ពេលទៅដល់ពេទ្យ គាត់ដាក់យាយប៉ិហ្នឹងហើយក៏ចេញមកដឹកគេវិញ ព្រោះគេហៅគាត់ ស្រាប់តែគាត់ឃើញយាយប៉ិហ្នឹងដើរចេញមកវិញធ្វើហី!
-        ងាប់អ្នកខ្លះមានលុយតិចផង ខំតែជួយ!
-        អើ! មិនគួរប្រើល្បិចហ្នឹងសោះ!
-        មែន!
ពេលខ្ញុំឮការសន្ទនាគាត់នេះ ខ្ញុំភ្ញាក់ព្រើតដូចជះទឹកមួយធុងចំមុខ។ យី! ចេះរកនឹកឃើញ! បោក​បាន​ទាំងអ្នកនិពន្ធមួយដែរ ធ្លាប់តែអ្នកនិពន្ធបោកអ្នកអានដឹងអី អ្នក សុំ ទាន បោក បាន អ្នក និពន្ធ​វិញ! ហួសចិត្ត! ខ្ញុំចេញពីនោះមកទាំងសើចនឹងខ្លួនឯង។ យី! ម៉ោងប្រាំមួយ! ម៉ោង​ប្រាំ​មួយ​ម្សិល​មិញ​អស្ចារ្យតែម៉ង! គិតថាលែងមកឲ្យចំម៉ោងប្រាំមួយហើយ!
ថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០១៣

ប៉ាកកា ជើងមេឃ
សូមមេត្តាចូលអានក្នុងប្លុកវឺតប្រេសជំនួសវិញ ព្រោះពុម្ពអក្សរមិនគាំទ្រ៖ http://khmerwriting.wordpress.com
សូមអរគុណ យ៉ាងជ្រាលជ្រៅចំពោះការតាមដាន!