Tuesday, January 29, 2013

ផ្ការីកក្នុងរថយន្តក្រុង



អរុណរះ! ហេ៎ ហេ៎…!សប្បាយចិត្តណាស់ ១០ធ្នូ​ ទិវាសិទ្ធិមនុស្ស! បានឈប់ទៀតហើយ! ហាក៎!​ 

ថ្ងៃនេះត្រូវទៅទស្សនកិច្ចនៅតាកែវផង! អ៊ូស! ប្រញាប់បន្តិចខ្ញុំ! វរ វរ តែហ៊ានយឺត លោកគ្រូ កុល​ 

សារ៉ូ ជេរងាប់! ហេ៎ ហេ៎…! អារឿងជេរមិនជាប៉ុន្មានទេ អាឲ្យជិះម៉ូតូដេញតាមឡានបានវាងាប់! យី! 

គិតតែពីឈររអ៊ូ ទៅងូតទឹកសិន!…

 …ថ្ងៃសិទ្ធិមនុស្សសមណាស់តែមនុស្សបានឈប់សម្រាក! អេ៎ តែគេបានឈប់សម្រាកទេតើ​!​ 

អើណេះរវល់តែឯង! ហេ៎ដូចមិនមែនតែឯងទេ មានគេជាងមួយពាន់នាក់ទៀតដែរ! ហេ៎​ ហេ៎! 

គិតៗទៅ វិទ្យាស្ថានខ្មែរជំនាន់ថ្មីដូចរំលោភសិទ្ធិមនុស្សដល់ហើយ ជាពិសេសលោកគ្រូ សារ៉ូ 

តែម្តង! យី! និយាយៗ តិចគាត់ឮទៅ! ហេ៎ ហេ៎! ហេងស៊យបាន ស៊េរ៉ូកប់ស៊េរីលេង! គិតៗទៅ!ទេ! 

ដូចជាគិតច្រើនពេកទេដឹង! តែបើមិនគិត​ មានតែរអ៊ូ តែបើរអ៊ូ គេមិនដាក់ងារឲ្យថា”តារអ៊ូ”!​ អើ! 

អញ្ចឹងមានតែគិតវិញអញ្ចឹង!… ក្នុងឡានលេខ២៣នេះ កន្លែងណាក៏ពេញដែរ តែកន្លែងខ្ញុំវិញ 

កៅអី២អង្គុយតែខ្ញុំម្នាក់ឯង 

ដូចជាប្លែកខុសគេ!…មិនត្រឹមតែប្លែកទេថែមទាំងកណ្តោចកណ្តែងទៀតហ្ន៎!អ៊ូយ!…អាណិតខ្លួនណាស់ហ្ន៎! 

ហ៊ើយ ​សំងំ​មើលទេសភាពវិញ!…

 …ជួនជាចៃដន្យ ជួបតន់ទាវស្រី បីដូចឥសី ជប់រូបឆោមឆ្លៅ លើរថយន្តក្រុង ​តាមដំណាក់ផ្លូវ 

បងហើយនឹងពៅ អង្គុយជិតគ្នា…

         យីអើ! ដូចទំនងដែរ អង្គុយលើរថយន្តក្រុង​ហើយចាក់បទផ្ការីកលើរថយន្តក្រុងទៀត! ហេ៎​ 

ហេ៎…!បើមាននារីណាមកអង្គុយកៅអីជាប់ខ្ញុំទៀត…អីយ៉ូយ! លោក ម៉ា ឡៅពី 

និងខ្ញុំប្រហែលមិនខុសគ្នាទេ លោកអើយ!…

 ​សម្លេងស្រួយស្រេះមួយបានបន្លឺឡើង៖​”បង! កន្លែងហ្នឹងទំនេរតើហ៊ី! ខ្ញុំសុំអង្គុយកន្លែងហ្នឹងហ្អា៎?”។ ខ្ញុំងាកមកភ្ញាក់ព្រើត ឧទានក្នុងចិត្ត៖”យី! គិតមិនទាន់ចប់ផង មាននារី​មកសុំអង្គុយមែន! អីយ៉ូយ! ឡួយអីឡួយយ៉ាងនេះ! បើគិតរឿងលុយ លុយមកដល់អញ្ចឹងវិញ! អូ៎! អស់ទាស់ហ្មង!…”។ “បង!បងឯងឲ្យខ្ញុំអង្គុយអត់? គិតតែធ្មឹង អង្គុយញញឹមស្ញេញស្ញាញទៅវិញ!” យុវតីនោះបន្លឺឡើង ដាច់អស់យល់សប្តិយល់សូវខ្ញុំអស់រលីង ខ្ញុំក៏តប ៖ ”បាទ!មានអីអញ្ជើញអង្គុយ”។      ”ចាស៎! អរគុណច្រើនហើយអញ្ចឹង!” នាងតបទាំងញញឹមយ៉ាងស្រស់ រួចក៏អង្គុយក្បែរខ្ញុំ។ ភ្នែកខ្ញុំខំសម្លឹងមើលទេសភាពខាងក្រៅដ៏ស្រស់ស្អាត តែ…តែទេសភាព​ដូចអត់ទាក់ភ្នែកខ្ញុំដូចពេលដំបូងសោះ! យី! មកពីអីហ្ន៎? ចង្វាក់បេះដូងខ្ញុំដូចលោតញាប់ជាងមុន ហើយត្រជាក់ចុងដៃចុងជើងទៀត! យី! តិចពុលឡានទៅ?​​ ទេ បើពុលឡាន ពុលតាំងពីយូរម៉េះ មិនមែនឥឡូវទេ! អញ្ចឹងមានតែពុលសម្រស់នារីនេះ? អើ! សង្ស័យដែរ បើភ្នែកចេះតែដៀងមើលក្នុងឡាន ជាពិសេសកៅអីជាប់​ខ្ញុំនេះ! ឱ! លោកអើយ! បើមិនដៀងមើលម៉េច បើភ័ក្រ្តមូលផូរផង់ សាច់មុខ​ម៉ត់ខៃ លាយពណ៏ផ្កាឈូកព្រឿងៗលើផែនថ្ពាល់ពេញក្រពុង អមដោយស្នាមខួច ពេលញញឹមសមនឹងកេសាវែងត្រឹមចង្កេះចងយ៉ាងរៀបរយ ពណ៏ខ្មៅរលើប ​រលន់ទន់រលោង យោលយោគតាមកិរិយារម្យទមសមស្ត្រីខ្មែរ។ ទេវតាអើយ! តាំងពីនាងមកអង្គុយមក គន្ធពិដោរដែលភាយមកដល់នាសាខ្ញុំ ធ្វើឲ្យខ្ញុំមាន​   អារម្មណ៏ថា…មានអារម្មណ៏ថា…អីយ៉ូយ! មិន​ដឹងថាត្រូវរៀបរាប់អារម្មណ៏ថាយ៉ាងម៉េចទេ លោកអើយ! បើតាំងពីកម្លោះមកមិនដែរអញ្ចឹងផង! ប្រហែលជាពេលលោក ម៉ា ឡៅពី តែងបទ ផ្ការីកលើរថយន្តក្រុង គាត់មានអារម្មណ៏អញ្ចឹងដែរ​​ហើយមើលទៅ! គិតយកសៀវភៅមកកត់ស្ថានភាពនេះទុកសិន!។ “យី បង! បងឯងកត់អីហ្នឹង? ដូចអត់ទាន់ដល់កន្លែងកត់ណាហី?” នាងបន្លឺឡើង ព្រោះឃើញខ្ញុំបើកសៀវភៅកត់យ៉ាងញាប់ ធ្វើឲ្យខ្ញុំភ្ញាក់តបមកវិញ៖ “ខ្ញុំកត់…កត់…អូ៎! ខ្ញុំកត់អ្វីដែលខ្ញុំនឹកឃើញ ខ្លាចខ្ញុំភ្លេច!”។ នាងសើចបញ្ចេញស្នាមខួច​បន្តិច រួចក៏តប៖ “ម៉េចក៏បងឯងភ័យម្ល៉េះ! បងកត់ទៀតចុះ! ខ្ញុំលែងរំខានហើយ!” ថារួចនាងក៏សំងំគេងទាំងញញឹម។ ងាកមកមើលខ្ញុំវិញ កត់ចុះកត់ឡើងអត់ដឹងថាត្រូវកត់អី! ចង់ថាសួរឈ្មោះ តែនាងគេងបាត់ទៅហើយ! ចង់ថាសួរនេះសួរនោះ តែអត់ហ៊ានរំខាន! ហ៊ឺ! អភ័ព្វណាស់ខ្ញុំ! អញ្ចឹង​មានតែចាំដល់តាកែវ! ពេលនោះប្រហែលជាបានដើរបណ្តើរជជែកគ្នាបណ្តើរ! យី បើអញ្ចឹងមែន…!ឡូយហ្មង៎!…
…ដល់ប្រាសាទនាងខ្មៅ រថយន្តឈប់ ទ្វាររបើកឡើង និស្សិតនាំគ្នាចុះពីរថយន្ត ខ្ញុំគិតថាចុះឲ្យទាន់យុវតីដែលអង្គុយជិតខ្ញុំនោះដែរ តែដឹងអី! រវល់តែដាក់សៀវភៅចូលកាតាប ទម្រាំរៀបចំរួចចាងចុះបាត់! មុនចុះ នាងឆ្លៀតងាកមក​    ញញឹមដាក់ទៀត! អ៊ូយ ស្ទើរតែគាំងបេះដូង…! យី! ចុះមនុស្សក៏បន្តកន្ទុយគ្នាល្អម៉េះ រកតែឯងប្រជ្រៀតចុះឲ្យទាន់សភាពការណ៏មិនបាន…យ៉ាប់មែន! ទម្រាំខ្ញុំបានចុះ នាងទៅបាត់! មិនដឹងទៅណា? យីស! ចំមែន!…
…ដើរមើលប្រាសាទ តែភ្នែកខ្ញុំដូចជារំពៃរកមនុស្សជាងមើលប្រាសាទ! យីស ដូចទ្រង់យ៉ាប់តែហ្មង៎! រកចុះរកឡើង​ អើតចុះអើតឡើង អត់ឃើញសោះ! ហ៊ឺ…! សង្ឃឹមថា ពេលឡើងឡានបានជួបគ្នាទៀតចុះ!…
…អត់! នៅតែអត់! ឡានចេញទៅហើយ អត់ឃើញនាងត្រលប់វិញសោះ! ពេលខ្ញុំទៅដល់ ភ្នំជីសូរ ក៏អត់ឃើញទៀត! យី ដូចស្មុគអារម្មណ៏ដល់ហើយ! ទៅដល់ ទន្លេបាទី ក៏អត់ឃើញទៀត! ពេលគេឡើងធ្វើបទបង្ហាញក៏ខ្ញុំរកអត់ឃើញទៀត!​លោកអើយ! ជិតដល់ពេលឡើងឡានមកភ្នំពេញវិញហើយ នៅតែអត់ឃើញទៀត! អន្ទះអន្ទែងណាស់ខ្ញុំ! ឥឡូវឡានបិទទ្វារទៅហើយ ខ្ញុំត្រូវតែដាច់ចិត្តនិយាយ៖ “ឈប់សិនពូ! ខ្ញុំដូចជាអត់ឃើញម្នាក់អង្គុយក្បែ​រខ្ញុំតាំងពីយើងទើបចេញពីប្រាសាទនាងខ្មៅម៉េះ!”។ ស្រាប់តែមានសម្លេងអ្នកផ្សេងបន្លឺឡើង៖ “អូ៎! ខ្ញុំឮនាងប្រាប់មិត្តនាងថានាងអត់ស្រួលខ្លួន ហើយសុំគ្រូជិះឡានផ្សេងជាមួយមិត្តនាងបាត់ហើយ”។…
…ងាប់! ចប់បាត់! មិនមែនចប់បាត់ទេ ចប់បារយ! អត់ទាន់ស្គាល់ឈ្មោះនាងផង! អាអ្នកឆ្លើយមិញហ្នឹង​ វាអត់ស្គាល់ដែរ!…លោក ម៉ា ឡៅពី សរសេរថា៖​ “…ពេលអូនឃ្លាតទៅ ពៅញញឹមលា ក្រោមខ្សែនេត្រា នាងអៀនលួចលាក់ បងលួចតាមដាន ស្គាល់ផ្ទះវរល័ក្ខ…”។ ដល់ខ្ញុំវិញ នាងញញឹមលាដែរ តែកុំថាឡើយដល់ផ្ទះ សូម្បីតែឈ្មោះក៏អត់ស្គាល់ផង!…ឱ! ផ្ការីកលើរថយន្តក្រុង!…
ចប់

ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២
សែនពេជ្ញ ប៉ាកកា

No comments:

Post a Comment